(ពោធិ៍សាត់)៖ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា, ឯកឧត្តម ញឹក បានខេន អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយ លោក Subas Subedi ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) បានអញ្ជើញជាធិបតី និងដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី ២ ឆ្នាំ ២០២៥ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអង្គការ ស្វីសខន់ថាក់ (Swisscontact) លោកប្រធានលេខាធិការដ្ឋាន ប្រធានមន្ទីរទេសចរណ៍ខេត្តគោលដៅទាំង ១២ គ្រូបង្គោល និងវិស័យឯកជន សរុបចំនួន ៧០ រូប។
កិច្ចប្រជុំបានស្ដាប់របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ និងការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ ២០២៦–២០២៨ ដែលក្នុងនោះទទួលបានអាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្សជាសំខាន់។ ក្នុងនោះ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ តាមរយៈគម្រោងហូកា (HoKa) បណ្ដុះបណ្ដាលបានសិក្ខាកាមសរុបចំនួន ៦០ នាក់ (ស្រី ៣៧ នាក់) ក្នុងឆ្នាំ ២០២៥ លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញឆុងកាហ្វេកម្រិតមូលដ្ឋាន និងវគ្គមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍។
កិច្ចប្រជុំក៏បានពិនិត្យលើរបាយការណ៍វឌ្ឍនភាពឆមាសទី ២ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលធ្វើបទបង្ហាញដោយ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ នៃក្រសួងទេសចរណ៍ ដោយផ្តោតលើការងារសំខាន់ៗរួមមាន៖ (១) ការរៀបចំកិច្ចប្រជុំ គ.គ.ហ ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៥ (២) ការពង្រីកវិសាលភាព ហូកា (៣) ការជំរុញកិច្ចសហការជាមួយសាលាវិជ្ជាជីវៈទេសចរណ៍ (៤) ការរៀបចំកម្មវិធីរួម DEY III (៥) ការរៀបចំកិច្ចប្រជុំប្រចាំខែ (៦) ការរៀបចំគុណវុឌ្ឍិវិជ្ជាជីវៈទេសចរណ៍ (៧) ការចែករំលែកបទពិសោធន៍ ហូកា នៅប្រទេសស្វីស (៨) ការកែសម្រួលឯកសារបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (៩) ការរៀបចំកិច្ចប្រជុំបច្ចេកទេសដើម្បីឆ្លុះបញ្ចាំងពីកម្មវិធីបណ្ដុះបណ្ដាល ហូកា ឆ្នាំ ២០២៥ (១០) ការបើកវគ្គ «គ្រូបង្គោលជាតិលើជំនាញការិយាល័យជួរមុខ ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា កម្រិតសញ្ញាបត្រវិជ្ជាជីវៈ ១ (C1)» (១១) ការអនុវត្តកម្មវិធី ហូកា បៃតង (Green HoKa) និង (១២) ការពិនិត្យមើលកម្រងសមត្ថភាព និងស្តង់ដាសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិទេសចរណ៍។
ជាកិច្ចបញ្ចប់ កិច្ចប្រជុំបានពិនិត្យលើផែនការសកម្មភាពឆ្នាំ ២០២៦ ដែលធ្វើបទបង្ហាញដោយ លោក គង់ ដារ៉ា ប្រធានផ្នែកគ្រប់គ្រងការបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា នៃអង្គការស្វីសខន់ថាក់ ដែលផ្តោតលើការងារយុទ្ធសាស្ត្រដូចជា៖ ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស ការបង្កើតក្រុមប្រឹក្សាជំនាញទេសចរណ៍ ការសិក្សាយុទ្ធសាស្ត្រគ្រប់គ្រងលំហូរភ្ញៀវទេសចរណ៍នៅខេត្តបាត់ដំបង ការអភិវឌ្ឍសញ្ញាបត្រគុណវុឌ្ឍិជាតិកម្រិត C1 C2 C3 ការបណ្ដុះបណ្ដាលគ្រូបង្គោល និងអ្នកវាយតម្លៃ ៣Rs (3Rs) និងការរៀបចំទិវាជំនាញ ហូកា ព្រមទាំងពិព័រណ៍ការងារទេសចរណ៍ ឆ្នាំ ២០២៦ ខាងមុខ។












