ខេត្តសៀមរាប៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ជំនាន់ទី៤ នៃឆ្នាំសិក្សា២០២៥ និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជ័យលាភី ចំនួន ៧៨រូប របស់អង្គការស្លាបព្រាកម្ពុជា (Spoons) នៅខេត្តសៀមរាប។
ពិធីបិទវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន ម្ចាស់ជំនួយ តំណាងអង្គការ សមាគម សណ្ឋាគារ សិក្ខាកាម អាណាព្យាបាល និងភាគីពាក់ព័ន្ធ សរុបចំនួនប្រមាណ ២០០រូប។
ដោយទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២៥ នេះ អង្គការស្លាបព្រាកម្ពុជា បានបណ្តុះបណ្តាលសិក្ខាកាម ចំនួន ៧៨រូប បន្ថែមទៀត ដែលមកពីបណ្តាខេត្តជុំវិញចំនួន ៨ខេត្ត ក្នុងជំនាញរួមមាន៖
១. សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
២. ជំនាញចុងភៅ
៣. ជំនាញដុតនំ និងធ្វើបង្អែម
៤. ជំនាញឆុងកាហ្វេ
សិក្ខាកាមបានឆ្លងកាត់កម្មវិធីបណ្តុះបណ្តាល ហូកា (Hoka) រយៈពេល ១២ខែ ដែលក្នុងនោះមានការសិក្សាទ្រឹស្តីរយៈពេល ៧ខែ និងចុះកម្មសិក្សារយៈពេល ៥ខែ នៅតាមមូលដ្ឋានអាជីវកម្ម ភោជនីយដ្ឋាន សណ្ឋាគារ និងទីស្នាក់ការរបស់អង្គការស្លាបព្រាកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពី មូលនិធិអភិវឌ្ឍន៍ជំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គការសម្រេចសុបិន្តកុមារ ព្រមទាំងអង្គការស្លាបព្រាកម្ពុជា។
អំឡុងពេលសិក្សា សិក្ខាកាមទទួលបានការឧបត្ថម្ភ រួមមាន៖ ថវិកាប្រចាំខែ កន្លែងស្នាក់នៅ អាហារហូបចុក សម្ភារៈសិក្សា ការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព ការគាំទ្រផ្នែកស្មារតី ព្រមទាំងជំនួយក្នុងការស្វែងរកការងារ។
តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ អង្គការស្លាបព្រាកម្ពុជា នឹងបន្តពង្រីកវិសាលភាពសកម្មភាពរបស់ខ្លួន តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបន្ថែម ការបង្កើតកម្មវិធីពង្រឹងសមត្ថភាពអតីតសិស្ស និងការអភិវឌ្ឍផលិតផលសហគ្រាសសង្គមរបស់ភោជនីយដ្ឋាន ស្ពូនកាហ្វេ ឱ្យមានភាពសម្បូរបែបផ្នែកចំណីអាហារ ជាពិសេស ដើម្បីទ្រទ្រង់ដល់ដំណើរការ និងធានានិរន្តរភាពនៃកម្មវិធីបណ្តុះបណ្តាលក្នុងរយៈពេលវែង។
សូមជម្រាបជូនថា អង្គការស្លាបព្រាកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៩ ជាអង្គការក្រៅរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណេញ ដែលជ្រើសរើសយុវជនមានអាយុចន្លោះពី ១៨ឆ្នាំ ដល់ ២៤ឆ្នាំ មកពីគ្រួសារក្រីក្រ ជនជាតិភាគតិច ឬអ្នកបោះបង់ការសិក្សា និងផ្តល់អាទិភាពខ្ពស់ដល់ស្រ្តី តាមរយៈការផ្តល់អាហារូបករណ៍ ១០០%។ គិតមកដល់បច្ចុប្បន្ន អង្គការបានបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជនចំនួនជាង ៦០០រូប។


































