ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក ជួប រតនា ប្រធាននាយកដ្ឋាន បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ.នៃក្រសួងទេសចរណ៍ និងលោកស្រីបណ្ឌិត Liu Yunqin នាយិកាវិទ្យាស្ថានគ្រប់គ្រងទេសចរណ៍ នៃមហាវិទ្យាល័យវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិ នៃខេត្តហឺណាន សាធារណៈរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលស្តីពី “ការកសាងសមត្ថភាពកម្រិតខ្ពស់សម្រាប់ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននៅកម្ពុជា” ដល់មគ្គុទ្ទេសក៍ ទេសចរណ៍ និយាយភាសាចិន និងអ្នកជំនាញទេសចរណ៍ក្នុងខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយមហាវិទ្យាល័យវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិខេត្តហឺណាន និង ស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ដែលបាន បណ្តុះបណ្តាលចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ និងត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដែលមានសិក្ខាកាម ទាំង ៥០ រូប ចូលរួម។
លោកស្រីបណ្ឌិត Liu Yunqin នាយិកាវិទ្យាស្ថានគ្រប់គ្រង ទេសចរណ៍ នៃមហាវិទ្យាល័យវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិ ខេត្តហឺណាន សាធារណៈរដ្ឋប្រជាមានិតចិន មានប្រសាសន៍ថា៖ យើងមាន សេចក្តីសោមនស្សរីករាយ ដែលឃើញអ្នកជំនាញមកពីប្រទេសចិនបានចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់ពួកគេនៅក្នុងឧស្សាហកម្មមគ្គុទ្ទេសក៍ទេសចរណ៍ ដោយគ្មានការកក់ទុក។ នេះមិនត្រឹមតែជាការផ្ទេរចំណេះដឹង និងជំនាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំពូក ថ្មីនៃចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន។
សូមឱ្យសិក្ខាកាមបំលែងផលចំណេញពីវគ្គបណ្តុះបណ្តាលនេះ ទៅជាកម្លាំងលើកទឹកចិត្តមិនចេះចប់ក្នុងការងាររបស់អ្នក។
សូមស្វាគមន៍ទស្សនកិច្ចមហាវិទ្យាល័យវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិ ហឺណាន។
សូមស្វាគមន៍ទស្សនកិច្ចមកកាន់ហឺណាន។ សូមស្វាគមន៍ទស្សនកិច្ចមកកាន់ប្រទេសចិន ហើយសង្ឃឹមថាយើងអាចបន្តកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនាពេលអនាគត។
ឆ្លៀតឱកាសនេះ លោក ជួប រតនា បានថ្លែងអំណរគុណ និងសូម កោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ លោកស្រីបណ្ឌិត Liu Yunqin នាយិកាវិទ្យស្ថានគ្រប់គ្រងទេសចរណ៍ នៃមហាវិទ្យាល័យវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិ នៃខេត្តហឺណាន សាធារណៈរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំលោក លោកស្រី សាស្រ្តាចារ្យ នៃវិទ្យស្ថានគ្រប់គ្រងទេសចរណ៍ នៃមហាវិទ្យាល័យវិជ្ជាជីវៈពាណិជ្ជកម្មអន្តរជាតិ នៃខេត្តហឺណាន ដែលបានគូសរំលេចពីកិច្ចខិតខំរបស់ក្រុមការងារ គាំទ្រដល់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍មគ្គុទ្ទេសក៍ទេសចរណ៍ ជាពិសេសដំណើរការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលដ៏មាន សារៈសំខាន់នេះ។
ឆ្លងកាត់នៅវគ្គបណ្តុះបណ្តាល ១០ថ្ងៃកន្លងមកនេះ សិក្ខាកាមទទួលបាននៅចំណេះដឹងថ្មីៗ ដូចខាងក្រោម៖
១.សមាគមមគ្គុទេសក៏ទេសចរណ៍ឆាងសា បានចែករំលែកនូវបទពិសោធន៍ល្អៗ ក្នុងការដឹកនាំសមាគមមគ្គុទេសក៍ទេសចរណ៍ និងវិធីសាស្រ្តសំខាន់ៗក្នុងការនាំភ្ញៀវទេសចរណ៍ចិន ព្រមទាំងពង្រឹងសេវាកម្មផ្សេងៗផងដែរ។
២.សាស្ត្រាចារ្យបានធ្វើបច្ចុប្បន្នភាពទូទៅនូវស្ថានភាពនៃប្រទេសចិន និងការផ្លាស់ប្តូរបែបថ្មី ក្នុងការធ្វើទេសចរណ៍របស់ភ្ញៀវចិន ក្រោយវិបត្តិកូវីដ១៩។
៣.បច្ចេកវិទ្យា មេតាវេសសកល កំពុងតែរីកចម្រើនខ្លាំងក្នុងប្រទេសចិន ហើយត្រូវបានដាក់ដំណើរការក្នុងរមណីយដ្នាននានា ដែលជួយសម្រួលដល់ការអធិប្បាយ និងនាំភ្ញៀវ ផ្តល់បទពិសោធន៍កាន់តែប្រសើរដល់ភ្ញៀវមកកម្សាន្ត។
៤.ខ្លឹមសារនៃមេរៀននីមួយៗបានបង្ហាត់បង្ហាញ់មគ្គុទេសចរណ៍ទេសចរណ៍ និងសិក្ខាកាម ពង្រឹងនៅសមត្ថភាពបន្ថែមផ្សេងៗជាច្រើនទៀត ក្នុងក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍ ដែលអាចអោយមគ្គុទេសក៏យើងចាប់យកឱកាសផ្សេងទៀតក្នុងវិស័យទេសចរណ៍ ក៏ដូចជាជំនាញបន្ថែមកាន់តែប្រសើរក្នុងការនាំភ្ញៀវ។ល។












