អបអរសាទរអ្នកជំនាញទេសចរណ៍ចំនួន ១០០រូប ទទួលបានការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ហូកា (HoKa) ក្នុងខេត្តព្រះសីហនុ!
ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានសហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) ក្រោមជំនួយហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដល់យុវជនចំនួន ១០០រូប ក្នុងខេត្តព្រះសីហនុ។
ពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) លើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញចុងភៅ របស់សមាគមទេសចរណ៍កម្ពុជា (CATA) សម្រាប់ខេត្តព្រះសីហនុ ស្ថិតក្រោមអធិបតីភាព លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, លោកជំទាវឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ព្រមទាំងមានការចូលរួមពីសំណាក់តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត គ្រូបង្គោល សិក្ខាកាមហូកា និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តព្រះសីហនុ សរុបប្រមាណ ១៥០នាក់។
វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃកម្មវិធីពង្រីកវិសាលភាពនៃការបណ្តុះបណ្តាល ហូកា មកកាន់ខេត្តព្រះសីហនុ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ លើកកម្ពស់គុណភាពសេវាកម្ម និងបើកច្រកសម្រាប់ការសិក្សាពេញមួយជីវិតដល់អ្នកជំនាញទេសចរណ៍ អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍ផងដែរ។























