អបអរសាទរពិធីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលហូកា (HoKa) លើជំនាញចុងភៅ
ខេត្តសៀមរាប៖ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៦ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគម្រោងហូកា (HoKa) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ លោក គង់ ដារ៉ា ប្រធានផ្នែកគ្រប់គ្រងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់អង្គការស្វីសខន់ថាក់ និងលោក សំ សុភ័ណ្ណ គ្រូបង្គោលជំនាញចុងភៅ និងជាអនុប្រធានសមាគមន៍ចុងភៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបដិសណ្ឋារកិច្ចកម្ពុជា (HoKa) លើជំនាញចុងភៅ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងសម្រាប់គ្រូបង្គោលចំនួន ១៦ រូប មកពីខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កោះកុង និងកំពង់ឆ្នាំង។ ក្នុងរយៈពេល ៤ ថ្ងៃនៃវគ្គបណ្តុះបណ្តាល (២ ថ្ងៃតាមប្រព័ន្ធវីដេអូ និង ២ ថ្ងៃនៃការអនុវត្តផ្ទាល់) សិក្ខាកាមបានអភិវឌ្ឍខ្លួនជាមូលធនគ្រូបង្គោលជំនាញចុងភៅ ដើម្បីមានលទ្ធភាពបណ្តុះបណ្តាលបន្តនៅតាមខេត្តគោលដៅរៀងៗខ្លួន។ ជាលទ្ធផល គ្រូបង្គោលទាំង ៧ ខេត្ត ក៏បានចងក្រងមុខម្ហូបប្រចាំតំបន់ចំនួន ៣៥ មុខ ដើម្បីជំរុញវិស័យម្ហូបអាហារ និងលើកកម្ពស់អត្តសញ្ញាណខេត្តនីមួយៗ។
វគ្គបណ្តុះបណ្តាលនេះសហការរៀបចំដោយកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact Cambodia និងថ្នាក់ចម្អិនម្ហូប សេង សុភ័ស្ស ខេត្តសៀមរាប។
































