អបអរសាទរដល់សិក្ខាកាមជំនាន់ទី១១ ទាំង ៦៦រូប ដែលបានបញ្ជប់ការសិក្សាដោយជោគជ័យ នៅសមាគមបំពេញសុបិនយុវជន (YDFA) ក្នុងខេត្តសៀមរាប!!
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សមាគមបំពេញសុបិនយុវជនខេត្តសៀមរាប បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាលវិជ្ជាជីវៈ សណ្ឋាគារ និងភោជនីយដ្ឋាន ដល់សិក្ខាកាមជំនាន់ទី១១ ចំនួន ៦៦រូប ឆ្នាំសិក្សា២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងឱ្យ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លោកប្រធានសមាគមបំពេញសុបិនយុវជន មន្ត្រីជាន់ខ្ពស់សម្របសម្រួលកម្មវិធី តំណាងប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជា ភាគីពាក់ព័ន្ធ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងសិក្ខាកាម ចូលរួមសរុបប្រមាណ ១៥០រូប។
សូមបញ្ជាក់ថា៖ សមាគមបំពេញសុបិនយុវជន (YDFA) ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ដោយមានបេសសកម្មក្នុងការគាំទ្រយុវជនក្រីក្រ និងងាយរងគ្រោះ ដោយផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកសណ្ឋាគារ ជំនាញជីវិត និងឪកាសការងារ ដោយក្នុងមួយជំនាន់មានសិស្សចំនួន ៦០រូប។ មុខជំនាញ ៤ដែលសមាគមបានបណ្តុះបណ្តាលមានដូចជា , ផ្នែកការិយាល័យជួរមុខ, ផ្នែកចុងភៅ, ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, ផ្នែកគេហកិច្ច។ សិស្សតម្រូវឱ្យឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេល ១០ខែ រួមទាំងអនុវត្តការងារ ៤ខែ ជាមួយដៃគូសណ្ឋាគារ និងភោជនីយដ្ឋាន ២៦កន្លែង។ សិស្សដែលបានបញ្ចប់ការសិក្សាចាប់ពីឆ្នាំ២០១៦-២០២៥ សរុបចំនួន ៥៣៣រូប (ស្រី ៣២២រូប) ដោយសិស្សទទួលបានឪកាសការងារបន្ទាប់ពីបញ្ជប់ការសិក្សាប្រមាណ ៩៣%។
ការចូលរួមចំណែកបណ្តុះបណ្តាលយុវជនរបស់សមាគម នឹងចូលរួមដល់ការបង្កើតមូលធន់មនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមទទួលទេសចរណ៍ជាតិ និងអន្តជាតិ ព្រមទាំងបង្កើននៅសេវាកម្មបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ និងសម្បូរបែប។















































