សកម្មភាពសមាគមតន្ត្រីសំនៀងជនពិការក្នុងពិព័រណ៍សមិទ្ធផលទេសចរណ៍ឆ្នាំ២០២៥
ក្នុងរយៈពេល ២ថ្ងៃកន្លងទៅ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងសមាគមតន្ត្រីសំនៀងជនពិការ និងនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សមាគមបានចូលរួមក្នុងកម្មវិធីពិព័រណ៍សមិទ្ធផល និងផលិតផលទេសចរណ៍ នាឱកាសសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងការកំណត់ទិសដៅការងារឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ក្នុងព្រឹត្តិការណ៍នេះ សមាគមបានចាត់តាំងសមាជិកដែលមានជំនាញវិជ្ជាជីវៈ ដើម្បីផ្តល់សេវាកម្មស្ប៉ា និងសុខុមាលភាព ជូនដល់ភ្ញៀវកិត្តិយសដែលជាប្រតិភូចូលរួមក្នុងសន្និបាត។
សេវាកម្មស្ប៉ា និងសុខុមាលភាព គឺជាសមាសភាគដ៏សំខាន់ក្នុងការបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរអន្តរជាតិ សំដៅជំរុញកំណើនភ្ញៀវ និងពន្យាររយៈពេលស្នាក់នៅកម្ពុជាឱ្យបានយូរអង្វែង។
កន្លងមក ក្រសួងទេសចរណ៍បានខិតខំអភិវឌ្ឍស្តង់ដាសមត្ថភាពជំនាញស្ប៉ា និងសុខុមាលភាពចំនួន ៦ មុខជំនាញ ដោយបានដាក់បញ្ចូលទៅក្នុងក្របខណ្ឌជំនាញទេសចរណ៍អាស៊ាន ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP)។









