ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ សូមឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមដើម្បីបង្កើតអនាគតទេសចរណ៍ប្រកបដោយភាពបៃតង និរន្តរភាព បរិយាបន្ន និងកាន់តែមានភាពធន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់ទាំងមូល
ខេត្តសៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការលើកកម្ពស់គោលដៅទេសចរណ៍បៃតង និងទេសចរណ៍ប្រកបដោយនិរន្តភាព រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពដល់បុគ្គលពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, និងលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយភាពបៃតង និរន្តរភាព បរិយាប័ន្ន និងការទទួលខុសត្រូវ។
ក្នុងពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីលោក EDGAR DOERIG តំណាងអង្គការ OIF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក, ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តម លោកជំទាវ លោក លោកស្រី វាគ្មិនកិត្តិយស តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រមាណ ២៥០នាក់។
ថ្លែងក្នុងឱកាសនៃពិធី ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា សិក្ខាសាលាថ្នាក់តំបន់នាពេលនេះ ប្រមូលផ្ដុំដោយសមាសភាពដែលអញ្ជើញមកពីតំណាងរាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ-អន្តរជាតិ និងអ្នកជំនាញពាក់ព័ន្ធ ដែលជាវេទិកាដ៏ល្អមួយ សម្រាប់ចែករំលែកចំណេះដឹង បទពិសោធល្អៗ និងឧត្តម្មានុវត្តអន្តរជាតិ ព្រមទាំងស្វែងយល់អំពីការអនុវត្តស្តង់ដាទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលដាក់ចេញដោយ ក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពពិភពលោក (Global Sustainable Tourism Council- GSTC) ដើម្បីរៀបចំ កែលម្អ និងគ្រប់គ្រងគោលដៅទេសចរណ៍ សំដៅជំរុញការទទួលស្គាល់គោលដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ដែលមានទំនួលខុសត្រូវ មានភាពទាក់ទាញ មានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងភាពធន់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្ថែមថា តាមរយៈសិក្ខាសាលានេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួមបានស្វែងយល់ពីស្តង់ដាគោលដៅបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលនឹងជួយជំរុញឱ្យកម្ពុជា មានការទទួលស្គាល់កម្រិតអន្តរជាតិលើគុណភាពគោលដៅទេសចរណ៍ និងទទួលបានការវាយតម្លៃពីមជ្ឈដ្ឋានអន្តរជាតិ លើការគិតគូរពីនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍កម្ពជា, ដែលនេះជាផលិតផលទេសចរណ៍សម្រាប់ទាក់ទាញប្រភពទីផ្សារទេសចរណ៍ដែលមកពីគោលដៅសំខាន់ៗ ដូចជា អឺរ៉ុប, អូស្ត្រាលី, និងអាម៉េរិក, ខណៈកម្ពុជាកំពុងជំរុញការហោះហើរត្រង់ពីប្រភពទីផ្សារឆ្ងាយៗ (Long Haul) ជាមួយនឹងសក្តានុពលនៃអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិតអន្តរជាតិ 4F។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តថា សិក្ខាសាលាថ្នាក់តំបន់នេះ ក៏នឹងផ្តល់ជាធាតុចូលសំខាន់ក្នុងការរៀបចំគោលនយោបាយ ផែនការអភិវឌ្ឍន៍ទេសចរណ៍កម្រិតជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការបញ្ជ្រាបសូចនាករគន្លឹះ និងសូចនាករគោលសំខាន់ៗរបស់ស្តង់ដា “គោលដៅទេសចរណ៍បៃតង” និង “ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព” ដើម្បីត្រៀមលក្ខណៈជាមុនឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ការវាយតម្លៃ ដោយស្ថាប័នអន្តរជាតិ។
សណ្ឋាគារសុខាល័យ ខេត្តសៀមរាប រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥












