រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “អ្នកវាយតម្លៃបង្គោលជាតិក្នុងសេវាកម្មសណ្ឋាគារ ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា កម្រិតវិញ្ញាបនបត្រ ១ (C1)” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ ២៧ ខែធ្នូ ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ស្ថិតក្រោមអធិបតីភាព លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងលោក គង់ ដារ៉ា ប្រធានជាន់ខ្ពស់ផ្នែកបដិសណ្ឋារកិច្ចនៃកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP)។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន មន្រ្តីរាជការនៃក្រសួងទេសចរណ៍ គ្រូបង្គោលជាតិ និងអាស៊ាន ព្រមទាំងសិក្ខាកាមមកពីសាលាវិជ្ជាជីវៈទេសចរណ៍ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស គ្រឹះស្ថានសិក្សាទេសចរណ៍ និងមូលដ្ឋានអាជីវកម្មសណ្ឋាគារ-បដិសណ្ឋារកិច្ច សរុបប្រមាណ ៥០ រូប។
វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោង “មុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY III) ដំណាក់កាលទី ៣” ដែលអនុវត្តដោយអង្គការ ILO ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC)។
គោលបំណងសំខាន់នៃវគ្គនេះ គឺដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបង្កើនសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជំនាញ។ សកម្មភាពនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អគុណភាពសេវាកម្ម និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែប្រសើរឡើង ព្រមទាំងបង្កើតឱកាសការងារសមរម្យសម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជននៅទូទាំងប្រទេស។
បច្ចុប្បន្ន អង្គការ ILO កំពុងគាំទ្រក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលចំនួន ៣ វគ្គ សរុបចំនួន ៩៣ រូប រួមមាន៖
១. វគ្គគ្រូបង្គោលជំនាញការិយាល័យជួរមុខ៖ អនុវត្តពីថ្ងៃទី ១៧–២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ (សិក្ខាកាម ២៨ រូប)។
២. វគ្គគ្រូបង្គោលជំនាញផ្នែកម្ហូបអាហារ និងភេសជ្ជៈ៖ អនុវត្តពីថ្ងៃទី ១–៦ ខែធ្នូ ឆ្នាំ ២០២៥ (សិក្ខាកាម ៣៥ រូប)។
៣. វគ្គអ្នកវាយតម្លៃបង្គោលជាតិក្នុងសេវាកម្មសណ្ឋាគារ៖ អនុវត្តពីថ្ងៃទី ២២–២៧ ខែធ្នូ ឆ្នាំ ២០២៥ (សិក្ខាកាម ៣៥ រូប)។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលទាំងនេះត្រូវបានរៀបចំឡើងស្របតាមស្ដង់ដារគុណវុឌ្ឍិជាតិកម្ពុជា (CQF) ដែលជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ អង្គការ ILO (តាមរយៈគម្រោង DEY III) និងអង្គការ Swisscontact (តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញ)។ ក្នុងនោះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បំពេញតួនាទីជាលេខាធិការដ្ឋានបច្ចេកទេស ទទួលបន្ទុក ក្នុងការអភិវឌ្ឍឯកសារបណ្តុះបណ្តាលគុណវុឌ្ឍិជាតិកម្ពុជា កម្រិតវិញ្ញាបនបត្រ ១ (C1), វិញ្ញាបនបត្រ ២ (C2) និងវិញ្ញាបនបត្រ ៣ (C3)៕




















