ខេត្តពោធិ៍សាត់៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ត្រីជំនាញនៃនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដឹកនាំដោយ លោក ពុទ្រា សោភ័ណ្ណារ៉ា អនុប្រធាននាយកដ្ឋាន បានចុះអង្កេតដំណើរការវាយតម្លៃសមត្ថភាព របស់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលផ្ទាល់ជំនាញគេហកិច្ច (Housekeeping) សម្រាប់ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៥។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់។
សិក្ខាកាមចូលរួមសរុបចំនួន ១៦ នាក់ (ស្រី ១១ នាក់) មកពីសណ្ឋាគារ និងភោជនីយដ្ឋាន ក្នុងក្រុងពោធិ៍សាត់ និងស្រុកនានា ក្នុងខេត្តពោធិ៍សាត់។ ការបណ្តុះបណ្តាលត្រូវបានបង្រៀនដោយគ្រូបង្គោលជំនាញគេហកិច្ច មកពីមន្ទីរទេសចរណ៍ផ្ទាល់ ដោយមានខ្លឹមសារមេរៀនសំខាន់ៗចំនួន ១២ មុខ រួមមាន៖
១. ការងាររបស់ខ្ញុំក្នុងផ្នែកគេហកិច្ច
២. ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច
៣. ឧត្តមភាពសេវាកម្ម
៤. ឧបករណ៍ និងសម្ភារៈផ្នែកគេហកិច្ច
៥. ក្រណាត់ និងពូក
៦. សម្អាត និងបម្រើសេវាកម្មបន្ទប់ភ្ញៀវ
៧. ការរៀបចំសម្រាប់វេនបន្ទាប់
៨. ប្រព័ន្ធរាយការណ៍
៩. ការផ្តល់សេវាគេហកិច្ចបន្ថែម
១០. ការសម្អាតទីសាធារណៈ
១១. នីតិវិធីបោកគក់
១២. ការផ្តល់សេវាកម្មបោកសម្លៀកបំពាក់ជូនភ្ញៀវ
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ត្រូវបានធ្វើការវាយតម្លៃសមត្ថភាពដោយអ្នកវាយតម្លៃមកពីខេត្តព្រះវិហារ គឺ លោកស្រី វង្ស ស្រីដេត និង លោក ប៉ុល ស៊ឺមហេង ដោយអនុវត្តតាមវិធីសាស្ត្រវាយតម្លៃចំនួន ០២ រួមមាន៖ ការសម្ភាសផ្ទាល់មាត់ (Oral Questions) និងការអនុវត្តផ្ទាល់ (Demonstration) ព្រមទាំងមានការត្រួតពិនិត្យគុណភាព (Quality Check) ដោយក្រុមការងារក្រសួងទេសចរណ៍ផ្ទាល់។












