ក្រសួងទេសចរណ៍ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) រៀបចំវគ្គបណ្តុះបណ្តាល “គ្រូបង្គោលជាតិលើជំនាញការិយាល័យជួរមុខ ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា កម្រិតសញ្ញាបត្រវិជ្ជាជីវៈ ១ (C1)”!
នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គណៈកម្មការគ្រប់គ្រងគម្រោងហូកា (HoKa) សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំបើកវគ្គបណ្តុះបណ្តាល “គ្រូបង្គោលជាតិលើជំនាញការិយាល័យជួរមុខ ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា កម្រិតសញ្ញាបត្រវិជ្ជាជីវៈ ១ (C1)” ចាប់ពីថ្ងៃទី១៧ ដល់២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រី Mary Kent អ្នកជំនាញការផ្នែកមុខរបរ និងការងារនៃអង្គការ ILO តំណាងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (Swisscontact) រួមជាមួយលោកស្រីអគ្គនាយករង នាយកសាលាវិជ្ជាជីវៈទេសចរណ៍ គ្រូបង្គោលជាតិ និងអាស៊ាន និងសិក្ខាកាមដែលជាតំណាងមកពីសាលាវិជ្ជាជីវៈទេសចរណ៍ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស គ្រឹះស្ថានសិក្សាទេសចរណ៍ សណ្ឋាគារ និងមូលដ្ឋានអាជីវកម្មសរុបប្រមាណ ៥០រូប។
វគ្គបណ្តុះបណ្តាលនេះ ស្ថិតក្នុងគម្រោងស្តីពី “មុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី៣” ដែលអនុវត្តដោយអង្គការ ILO ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC)។ វគ្គនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងគុណភាពបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក៏ដូចជាធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោល ដែលជាការរួមចំណែកដល់ការពង្រឹងគុណភាពសេវាកម្ម និងជំរុញការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក្នុងការបង្កើតការងារសមរម្យជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជននៅទូទាំងប្រទេស។
អង្គការ ILO បានគាំទ្រក្រសួងទេសចរណ៍លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលចំនួន ០៣វគ្គ ដែលមានសិក្ខាកាមសរុបចំនួន ៧៥នាក់ តាមកាលបរិច្ឆេទដូចខាងក្រោម៖ ១. វគ្គគ្រូបង្គោលជំនាញការិយាល័យជួរមុខ៖ ចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៥ (២៥រូប)។ ២. វគ្គគ្រូបង្គោលជំនាញម្ហូបអាហារ និងភេសជ្ជៈ៖ ចាប់ពីថ្ងៃទី០១-០៦ ខែធ្នូ ឆ្នាំ២០២៥ (២៥រូប)។ ៣. វគ្គអ្នកវាយតម្លៃបង្គោលជំនាញការិយាល័យជួរមុខ និងជំនាញម្ហូបអាហារ និងភេសជ្ជៈ៖ ចាប់ពីថ្ងៃទី២២-២៧ ខែធ្នូ ឆ្នាំ២០២៥ (២៥រូប)។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលទាំងនេះធ្វើឡើងស្របតាមគុណវុឌ្ឍិជាតិកម្ពុជា កម្រិតវិញ្ញាបនបត្រ ១ (C1) ដែលជាសមិទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញ ដោយមានគណៈកម្មការគ្រប់គ្រងគម្រោងហូកា ជាលេខាធិការដ្ឋានបច្ចេកទេសទទួលបន្ទុកអនុវត្តការអភិវឌ្ឍឯកសារបណ្ដុះបណ្ដាលគុណវុឌ្ឍិជាតិកម្ពុជា កម្រិត C1, C2 និង C3។













