មន្ត្រីក្រសួងទេសចរណ៍ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគុណភាពវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ហូកា (HoKa) ដល់អ្នកជំនាញទេសចរណ៍ចំនួន ១០០រូប ក្នុងខេត្តព្រះសីហនុ
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្រ្តីនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដឹកនាំដោយលោក សាំង ចន្ធូ អនុប្រធាននាយកដ្ឋាន និងក្រុមការងារចំនួន ៣រូប បានចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគុណភាពវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ហូកា (HoKa) ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់១៧ ខែមករា ឆ្នាំ២០២៦ នៅក្នុងខេត្តព្រះសីហនុ។ វគ្គបណ្តុះបណ្តាលនេះផ្តល់ជូនដល់អ្នកជំនាញទេសចរណ៍ចំនួន ១០០រូប លើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញចុងភៅ ក្រោមកិច្ចសហការរវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ជាមួយនឹងសមាគមទេសចរណ៍កម្ពុជា (CATA) និងទទួលបានជំនួយហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។
វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃកម្មវិធីពង្រីកវិសាលភាពនៃការបណ្តុះបណ្តាល ហូកា មកកាន់ខេត្តព្រះសីហនុ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ លើកកម្ពស់គុណភាពសេវាកម្ម និងបើកច្រកសម្រាប់ការសិក្សាពេញមួយជីវិតដល់អ្នកជំនាញទេសចរណ៍ អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍ផងដែរ។









































