ក្រសួងទេសចរណ៍ជំរុញការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ឆ្លាស់ (Dual VET) នៅកម្ពុជា!
កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានចូលរួមសិក្ខាសាលាឆ្លុះបញ្ជាំងលទ្ធផលនៃទស្សនកិច្ចប្រទេសស្វីស កាលពីខែកញ្ញា ឆ្នាំ ២០២៥។ សិក្ខាសាលានេះមានការចូលរួមជាអធិបតីពីឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងលោក Christian Disler អនុប្រធានសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) និងភាគីពាក់ព័ន្ធផ្សេងៗ សរុបប្រមាណ ៧០រូប។
សិក្ខាសាលានេះមានគោលបំណងឆ្លុះបញ្ជាំងលទ្ធផល និងបទពិសោធន៍ដែលក្រុមការងារ បានទទួលក្នុងអំឡុងទស្សនកិច្ចទៅប្រទេសស្វីស កាលពីខែកញ្ញា ឆ្នាំ ២០២៥។ លើសពីនេះ សិក្ខាសាលានេះក៏មានបំណងប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំគម្រោងអនុវត្តកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្លាស់ (Dual VET) និងកម្មវិធីហ្វឹកហាត់ការងារ (Apprenticeship) នៅកម្ពុជា។
ក្នុងឱកាសនោះលោក ជួប រតនា បានស្នើសុំការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) ដើម្បីពិនិត្យលទ្ធភាពរៀបចំគម្រោងសាកល្បងអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ឆ្លាស់ (Dual VET) នៅវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។












