ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញដុតនំ (Bakery)
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងការណែនាំរបស់ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលឧត្តមភាពអាហារម៉ីសាន (Meisan Excellence Center) នៃអគារ Exchange Square រាជធានីភ្នំពេញ លោក សាំង ចន្ធូ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានដឹកនាំមន្រ្តីចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញដុតនំ (Bakery)។ ពិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Wilmar Marketing CLV ប្រចាំកម្ពុជា មន្រ្តីជំនាញ និងសិក្ខាកាមសរុបប្រមាណ ៣៥ នាក់។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Wilmar Marketing CLV ក្នុងគោលបំណងពង្រឹងជំនាញដុតនំ និងផលិតកម្មម្ហូបអាហារ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការកែលម្អគុណភាពសេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍នេះ គឺជាកត្តាចម្បងក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន។
សម្រាប់ឆ្នាំ២០២៦ នេះ ក្រសួងទេសចរណ៍ និងដៃគូសហការ គ្រោងនឹងបណ្តុះបណ្តាលយុវជន និងសាធារណជនសរុបចំនួន ១២០ នាក់។ សិក្ខាកាមនឹងត្រូវសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់លើបច្ចេកទេសធ្វើនំចំនួន ២០ មុខ ក្នុងរយៈពេល ៧២ ម៉ោង។ បន្ទាប់ពីបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងត្រូវឆ្លងកាត់ការធ្វើតេស្តវាយតម្លៃសមត្ថភាព ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍។
គួររំលឹកផងដែរថា កន្លងមកក្រសួងទេសចរណ៍ និងក្រុមហ៊ុន Wilmar Marketing CLV បានរួមគ្នាបញ្ចប់វគ្គបណ្តុះបណ្តាលដោយផ្ទាល់ចំនួន ៧ ជំនាន់ ដែលមានសិក្ខាកាមសរុប ១៩៨ នាក់ និងបានបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញជូនដល់សិក្ខាកាមចំនួន ២,៧១០ នាក់បន្ថែមទៀត។

























