ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាល HoKa និងការជ្រើសរើសសិក្ខាកាម និងគ្រូបង្គោលជំនាញវិជ្ជាជីវៈទេសចរណ៍ សម្រាប់ស្រុកវាលវែង ខេត្តពោធិ៍សាត់
នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងហូកា (HoKa Steering Committee) នៃក្រសួងទេសចរណ៍ រួមជាមួយលោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa)។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីជ្រើសរើសសិក្ខាកាម និងគ្រូបង្គោលលើជំនាញវិជ្ជាជីវៈទេសចរណ៍ រួមមាន៖ ការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញឆុងកាហ្វេ ចុងភៅ និងមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍។
អង្គសិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ រដ្ឋបាលស្រុកវាលវែង អង្គការស្វីសខន់ថាក់ (Swisscontact) រួមជាមួយប្រតិបត្តិករអាជីវកម្មទេសចរណ៍ សហគមន៍ទេសចរណ៍ និងអ្នកជំនាញទេសចរណ៍សរុបប្រមាណ ៨០រូប។
អង្គពិភាក្សាបានវាយតម្លៃខ្ពស់ចំពោះសន្ទុះនៃការរីកចម្រើនក្នុងស្រុកវាលវែង ដែលមានអំណោយផលពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗ រួមមានផ្លូវជាតិលេខ ៥៥ និងសមិទ្ធផលថ្មីនៃផ្លូវជាតិលេខ ១០។ ខ្សែផ្លូវទាំងនេះមិនត្រឹមតែតភ្ជាប់ភូមិសាស្ត្រខេត្តភាគពាយ័ព្យទៅភាគនិរតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រករបៀងទេសចរណ៍ដ៏មានសក្តានុពលបំផុត ដែលឆ្លងកាត់តំបន់ជួរភ្នំ និងទេសភាពធម្មជាតិដ៏ត្រកាល។ ក្នុងបរិបទនេះ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ការពង្រឹងគុណភាពសេវាកម្មគឺជាកត្តាគន្លឹះ ដូច្នេះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈតាមរយៈកម្មវិធី HoKa គឺជាការត្រៀមខ្លួនដ៏ចាំបាច់ដើម្បីឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ។
សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២៥ កម្មវិធី HoKa បានបណ្តុះបណ្តាលយុវជនសរុបចំនួន ៨,៤៦១នាក់។ សម្រាប់វគ្គបណ្តុះបណ្តាលថ្មីនេះ គឺជាការផ្តល់អាហារូបករណ៍ដោយឥតគិតថ្លៃ ដែលមានតម្លៃជាទឹកប្រាក់ចន្លោះពី ៤៥០ ដល់ ៧០០ ដុល្លារក្នុងម្នាក់ សំដៅលើកកម្ពស់ស្តង់ដារបដិសណ្ឋារកិច្ច និងសមត្ថភាពយុវជនក្នុងមូលដ្ឋានឱ្យស្របតាមតម្រូវការទីផ្សារការងារ។









































