ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (NCTP) បានសម្របសម្រួល និងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ សម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ (VST) ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមផ្តល់បទបទពិសោធន៍ពី លោកស្រី អ៊ិត ស្រីកែវ គ្រូបង្គោលឆ្នើមអាស៊ាន និងលោក Nick Hyland គ្រូបង្គោលអាស៊ាន ពីវិទ្យាស្ថាន William Angliss ប្រទេសអូស្ត្រាលី និងជាអ្នកជំនាញបច្ចេកទេស នៃសាលាជាតិវិជ្ជាជីវៈទេសចរណ៍។ ក្នុងវគ្គនេះ មានសិក្ខាកាមចំនួន ២២ រូប ដែលជាគ្រូបង្គោលដែលត្រូវបានជ្រើសរើស និងទទួលស្គាល់ដោយសាលាវិជ្ជាជីវៈទេសចរណ៍។
វគ្គបណ្តុះបណ្តាលមានបំណងពង្រឹងសមត្ថភាពគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ក្នុងវិធីសាស្ត្របណ្តុះបណ្តាល និងការវាយតម្លៃសិស្ស ស្របតាមស្តង់ដាអាស៊ាន (MRA-TP)។ ក្នុងនោះ សិក្ខាកាមនឹងទទួលបានជំនាញអំពី ការរៀបចំ គុណវុឌ្ឍិអាស៊ាន (ASEAN Qualification) ការប្រើប្រាស់ប្រអប់បណ្តុះបណ្តាល ស្របតាមកម្មវិធីសិក្សារួមស្តង់ដាអាស៊ាន (ACCSTP) ការរៀបចំ Training Plan, Training Program, និង Session Plan ការរៀបចំឯកសារ និងឧបករណ៍វាយតម្លៃ (Assessment Tools) ការអនុវត្តបច្ចេកទេសផ្សេងៗទៀតដែលទាក់ទងនឹង MRA-TP
សូមបញ្ជាក់ថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានទទួលអនុញ្ញាតពីក្រសួងទេសចរណ៍ក្នុងការអនុវត្តកម្មវិធីសិក្សាស្របតាម ASEAN MRA-TP សម្រាប់មុខជំនាញចំនួន ៦ រួមមាន៖ ការិយាល័យជួរមុខ (Front Office) សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food & Beverage Service) គេហកិច្ច (Housekeeping) ផលិតកម្មម្ហូបអាហារ (Food Production) មគ្គុទ្ទេសក៍ទេសចរណ៍ (Tour Guiding) ទីភ្នាក់ងារទេសចរណ៍ (Travel Agency)











