ក្រសួងទេសចរណ៍ជំរុញការរៀបចំកញ្ចប់ស្តង់ដាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា (គ.គ.ហ.) បានអញ្ជើញជាធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពិនិត្យ និងប្រមូលធាតុចូលសម្រាប់ការកសាងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សម្រាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ២ និង ៣ លើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ និងជំនាញផលិតកម្មម្ហូបអាហារ»។ កម្មវិធីនេះមានការចូលរួមពីមន្ត្រីជំនាញ គ្រូបង្គោលជាតិ/អាស៊ាន អ្នកជំនាញសរសេរកម្មវិធីសិក្សា តំណាងសមាគមឧស្សាហកម្មទេសចរណ៍ និងអ្នកជំនាញសរុបចំនួន ៧០ រូប។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការរៀបចំកញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើជំនាញអាទិភាពទាំង ១០ គុណវុឌ្ឍិ ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ (NQF) នឹងផ្តល់នូវច្រកសិក្សា និងការទទួលស្គាល់ជំនាញច្បាស់លាស់ដល់អ្នកជំនាញកម្ពុជា។ ប្រព័ន្ធនេះអនុញ្ញាតឱ្យសិក្ខាកាមអាចបន្តការសិក្សា ឬវាយតម្លៃសមត្ថភាពរហូតទទួលបានវិញ្ញាបនបត្រសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបើកផ្លូវសម្រាប់ការសិក្សាពេញមួយជីវិត និងគាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន ១,៥ លាននាក់។
ក្រោមការដឹកនាំរបស់ ឯកឧត្តម ហួត ហាក់ ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៦ សម្រាប់ឆ្នាំ២០២៦ រួមមាន៖
១. ពង្រឹងការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស
២. ពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ
៣. សម្រួលការធ្វើដំណើរ និងការតភ្ជាប់
៤. គ្រប់គ្រងគុណភាពឧស្សាហកម្មទេសចរណ៍
៥. អភិវឌ្ឍផលិតផលទេសចរណ៍ឱ្យសម្បូរបែប
៦. ជំរុញទេសចរណ៍ក្នុងស្រុក និងការរៀបចំព្រឹត្តិការណ៍។
ក្នុងនោះ យុទ្ធសាស្ត្រទី៤ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) និងការអនុវត្តស្របតាមគុណវុឌ្ឍិជាតិ និងអាស៊ាន (ASEAN MRA-TP)។ សិក្ខាសាលានេះ គឺជាកាលានុវត្តភាពថ្មីក្នុងការប្រមូលធាតុចូលដើម្បីរៀបចំកញ្ចប់ស្តង់ដាបណ្តុះបណ្តាលសម្រាប់គុណវុឌ្ឍិកម្រិត ២ ៣ និង ៤ ដែលត្រូវនឹងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ២ និង ៣ ក្នុងគោលដៅលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើង។























































