សកម្មភាពថ្ងៃទី២ នៃកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេសលើការរៀបចំកញ្ចប់ស្តង់ដាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ
សកម្មភាពនាថ្ងៃទី២ នៃ «សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការពិនិត្យ និងប្រមូលធាតុចូលសម្រាប់ការកសាងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សម្រាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ២ និង ៣ លើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញផលិតកម្មម្ហូបអាហារ» បានប្រព្រឹត្តទៅយ៉ាងសកម្ម ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញរៀបចំកម្មវិធីសិក្សា សាស្ត្រាចារ្យបង្គោលជាតិមកពីគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងតំណាងសណ្ឋាគារ និងភោជនីយដ្ឋាននានា សរុបប្រមាណ ៤៥ រូប។
អង្គសិក្ខាសាលាបានផ្តោតការពិភាក្សា និងពិនិត្យយ៉ាងល្អិតល្អន់លើកញ្ចប់ស្តង់ដាបណ្តុះបណ្តាល ជាពិសេសស្តង់ដាសមត្ថភាព (Competency Standards) ដែលស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ។ ការពិនិត្យនេះគ្របដណ្តប់លើគុណវុឌ្ឍិអាទិភាពចំនួន ១០ ក្នុងវិស័យការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ គេហកិច្ច និងផលិតកម្មម្ហូបអាហារ ចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ ១ ដល់កម្រិត ៣ នៃក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF)។
ក្នុងឱកាសនេះ អង្គប្រជុំបានផ្តល់នូវមតិយោបល់ និងធាតុចូលគន្លឹះៗ សំដៅធានានូវសង្គតិភាព និងភាពគ្រប់ជ្រុងជ្រោយនៃឯកសារ ជាពិសេសការត្រួតពិនិត្យខ្លឹមសារ អត្ថន័យ បច្ចេកសព្ទ និងអក្ខរាវិរុទ្ធ ឱ្យស្របតាមបទដ្ឋាននៃស្ថាប័នវិជ្ជាជីវៈទេសចរណ៍ និងគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB)។ ឯកសារទាំងនេះនឹងត្រូវប្រើប្រាស់ជាផ្លូវការសម្រាប់គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមឧស្សាហកម្មទេសចរណ៍ និងវិស័យឯកជននាពេលអនាគត។
រាល់ធាតុចូលដ៏មានតម្លៃពីអ្នកជំនាញ និងលោកគ្រូ-អ្នកគ្រូទាំងអស់ ត្រូវបានកត់ត្រាទុកយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យក្រុមការងារបច្ចេកទេសយកទៅកែសម្រួល និងសម្រិតសម្រាំងឱ្យកាន់តែប្រសើរឡើង។























